មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែល ឯកឧត្តមអភិបាលខេត្ត ព្រះសីហនុ បានបង្ហោះសារនៅលើទំព័រហ្វេសបុកផេករបស់គាត់អំពីករណីចោរលួចខ្សែភ្លើងរបស់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលករណីនេះបានធ្វើឱ្យឯកឧត្តមអភិបាលត្រូវតែដាក់ចេញនូវវិធានការដើម្បីធ្វើការបង្ក្រាប។
ជាក់ស្តែងនៅពេលនេះ ឯកឧត្តម គួច ចំរើប បានប្រកាសផ្តល់ថវិកា១០លានរៀល ដល់ក្រុមសមត្ថកិច្ច ដើម្បីឱ្យពួកគេបានដឹកនាំធ្វើការបង្ក្រាបបទល្មើសលួចខ្សែភ្លើងរបស់បង្គោលភ្លើងសាធារណៈនេះឱ្យទាល់តែបាន។
ជាងនេះទៅទៀត ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា អ្នកដែលហ៊ានទទួលទិញខ្សែភ្លើងដែលចោរបានលួចនោះ គឺត្រូវតែទទួលទោសដូចគ្នា បើសិនជាសមត្ថកិច្ចរកឃើញ តែបើចង់រួចខ្លួន ត្រូវតែឆាប់ចូលមករាយការណ៍ជាបន្ទាន់អំពីមុខសញ្ញាដែលសមត្ថកិច្ចកំពុងតែតាមរក។
ខ្លឹមសារទាំងស្រុង ដែលឯកឧត្តមអភិបាលបានបង្ហោះមានខ្លឹមសារដូចខាងក្រោម៖ «បេីកប្រតិបត្តិការធំមួយ ដេីម្បីបង្ក្រាបករណី ចោរលួចខ្សែភ្លេីងបំភ្លឺសាធារណ។ ខ្ញុំផ្ដល់ថវិកា ១០លានរៀល អោយសមត្ថកិច្ច ដឹកនាំការបង្ក្រាប អោយខានតែបាន។
បទល្មេីសតូចតាច តែផ្ដន្ទាទោសដោយមិនលេីកលែង។ អ្នកទិញខ្សែភ្លេីងរបស់ចោរ បេីចង់រួចខ្លួន សូមឆាប់រាយការណ៍អោយបានឆាប់ បេីលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ គឺត្រូវមានទោសជាដាច់ខាត»៕