លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) ដែលបានកើតឡើង លើអ្នកជាប់ឃុំឃាំងជាច្រើននាក់ នៅក្នុងពន្ធនាគារ ខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា។
លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ។ លោកស្រីឱ វណ្ណឌីន បានឱ្យដឹងថា៖ ក្រោយក្រសួងសុខាភិបាល បានទទួលព័ត៌មានពីករណីក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំងនៃ
ពន្ធនាគារខេត្តព្រះវិហារ ថាមានជំងឺគ្រុនផ្ដាសសាយធំជាច្រើននាក់មក ក្រសួងសុខាភិបាល បានចាត់មន្រ្តីជំនាញ ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺនោះភ្លាមៗតែម្ដង។ តាមលក្ខណៈបច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថា ឆ្លងជំងឺត្រូវបានធ្វើការបែងចែកចេញគ្នា ក្នុងនោះ ៖
ទី១-អ្នកជំងឺចំនួន១៤៧នាក់ (ស្រ្តី១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ទី២-អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត។
ទី៣-អ្នកដែលមិនសង្ស័យឆ្លងជំងឺ ចំនួន៣២៦នាក់ (ស្រ្តី២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។
លោកស្រី វណ្ណឌីន បញ្ជាក់ទៀតថា៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៍ ក៏បាន
បញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារក៏បានធ្វើការអប់រំសុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធនាគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លង បន្តគ្នាបន្ថែមទៀត។នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងថា៖ កម្ពុជាពុំមានអ្នកជាសះស្បើយ និងគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ៕