យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចំការអំពៅរបស់ក្រុមហ៊ុនលោកឧកញ៉ា ញឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ កើតមានករណីទំនាស់ពាក្យសម្តីគ្នារវាង
អ្នកបើកបររថយន្តឈ្មោះ ញឹក ផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ មុខរបរ មើលការខុសត្រូវចំការអំពៅ និងអ្នកបើកបរម៉ូតូឈ្មោះ ប្រាក់ សំបាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង) មុខរបរ ធ្វើស្រែ។
ក្នុងករណីនេះដែរ ឈ្មោះ ញឹក ផល បានយកអាវុធអាកា៤៧ ចេញពីក្នុងរថយន្ត មកគំរាមឈ្មោះ ប្រាក់ សំបាន ប៉ុន្តែមិនបានផ្ទុះអាវុធនោះទេ។ ពេលទទួលបានព័ត៌មានខាងលើ លោកស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ ខេត្ត ស្រុក និងប៉ុស្តិ៍ ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបានឃាត់ខ្លួនឈ្មោះ ញឹក ផល បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី រីឯឈ្មោះ ប្រាក់ សំបាន គេចខ្លួន។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការប្រកាសព័ត៌មានជូន មតិសាធារណៈជនបានជ្រាបថា៖ ១- ឈ្មោះ ញឹក ផល បានឆ្លើយសារភាពបឋមថា អាវុធធុនអាកា៤៧ គឺជាអាវុ ធ ដែលរើសបានពីក្នុងដីពេលភ្ជួរដាំអំពៅ ហើយយកមកដុសខាត់បាញ់ថ្នាំថ្មី។ ២- ករណីនេះ លោកស្នងការ បានបញ្ជាឲ្យជំនាញចាត់ការយ៉ាងតឹងរឹងទៅតាមច្បាប់ជាធរមាន។ ៣- សូមអរគុណទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានបន្ត ប្រកបដោយសីលធម៌ ហើយជឿជាក់មកលើចំណាត់ការ របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង៕