ជនជាតិកូរ៉េខាងត្បូង ជាប្តីប្រពន្ធនឹងគ្នា២គូ មានគ្នាចំនួន៤នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលបើករថយន្តដឹកគ្នាដើរលេង ខ្វះការប្រុងប្រយ័ត្ន បានបុកនឹងរថក្រោះសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យនៅទីក្រុង Pocheon ភាគខាងជើងនៃទីក្រុងសេអ៊ូល ។
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស្ព័រ SUV បុករថក្រោះសហរដ្ឋអាមេរិក នេះ បានកើតឡើងនៅម៉ោង៩ និង៣០នាទីយប់នៅក្បែរបរិវេណRodriguez Live Fire Range ។
ប៉ូលិសកូរ៉េខាងត្បូង បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះជិះនៅក្នុងរថយន្តមានគ្នាចំនួន៤នាក់ មានអាយុជាង៥០ឆ្នាំ បានស្លាប់ជាបន្តបន្ទាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។
មុនពេលកើតហេតុ មានក្រុមទាហានបានបើកបររថក្រោះនោះ ធ្វើដំណើរទៅកាន់មូលដ្ឋានរបស់ពួកគេនៅទីក្រុង Cheorwon ខេត្ត Gangwon បន្ទាប់ពីសមយុទ្ធមួយ ។ លុះដល់ចំណុចកើតហេតុ ក៏កើតមានគ្រោះថ្នាក់បែបនេះតែម្តង។
ជុំវិញនឹងករណីនេះ ប៉ូលិសកូរ៉េខាងត្បូង បានស្នើសុំធ្វើកោសល្យវិច័យ និងធ្វើការស៊ើបអង្កេតថា តើអ្នកបើកបរបានប្ដូរគ្នាបើកទៅឲ្យមនុស្សម្នាក់ទៀតមុន ពេលជួបគ្រោះថ្នាក់៕
ប្រភព KBN