សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីស្លៀកស្បង់ចីពរ ជាព្រះសង្ឃគ្មានច្បាប់អនុញ្ញាត។ ករណីនេះកើតនៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យមានគ្នា០២នាក់៖ ទី១-ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរំដួលខាងលិច ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) និងទី២-ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំមានទីលំនៅភូមិ ស្រីជា ឃុំល្បើក ស្រុកឈូក ខេត្តកំពត(ឃាត់ខ្លួន)។
នៅក្នុងការឃាត់ខ្លួននោះ វត្ថុតាងចាប់យក៖ ១-ចីពរ០២ ២-ស្បង់០២ ៣-ហង្សសាក់ ០២ ៤-អ៊ុត ឃុត០១ ៥-លុយខ្មែរ ៣០.០០០រៀល ៦-ឆាយាគណៈមហានិកាយ ០១ក្បាល ៧-ទូរសព្ទ័ដៃម៉ាក អិនចុចពិល ០២គ្រឿង ៨-សំបុត្របុណ្យ១៩សន្លឹក។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំកើតខាងលើវេលាម៉ោង ០៧ និង០០នាទី ជនសង្ស័យ០៥នាក់មានឈ្មោះ ឡុង ជាអ្នកបើករថយន្ត ឈ្មោះ ខ្លា ឈ្មោះ សៅ ឈ្មោះ វង្ស ដារ៉ា និង ឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្ត១គ្រឿង កាម៉ារី ហេីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L 5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ
សំដៅមកដល់រង្វង់មូលគួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ហើយឈ្មោះឡុង ក៏បានចែកស្បង់ចីពរ ហង្សសាក់ ថង់យាម អ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយ សំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង
ពេលដើរមកដល់ចំណុច កើតហេតុខាងលើបានជួបជាមួយព្រះចៅអធិការវត្ត វិហារកំបោរ ដោយមានការសង្ស័យព្រះចៅអធិការបានសួរនាំ ហើយបាននាំជនសង្ស័យទាំង២នាក់ខាងលើ ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារបិតមាស ដែលជាព្រះអនុគុណស្រុកកណ្ដាលស្ទឹងសួរនាំបន្ត ដោយពិនិត្យឃើញថា ជនសង្ស័យទាំង២ ជាព្រះសង្ឃក្លែងក្លាយ ក៏បានដោះស្បង់ជីពរចេញ ប្រគល់ជូនសមត្ថកិច្ចស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕