មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានម្តាយឪពុក២នាក់បានបាត់កូនប្រុសរបស់ខ្លួន ហើយបានដើររកពេញភូមិតែរកមិនឃើញ ខំប្រឹងទាក់ទងគ្រូទាយផងអីផង ចុងក្រោយទើបអាចរកឃើញកូនប្រុស ប៉ុន្តែអ្វីៗគឺហួសពេលបាត់ទៅហើយ ដែលករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨សីហា ២០២០ នៅចំណុចប្រឡាយទឹកខាងជើងបឋមសិក្សាបន្ទាយថ្មី ចំងាយ៥០០ម៉ែត្រស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ ។
យោងតាមការឱ្យដឹងពីប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុម្តាយកំពុងដេកលង់លក់ ចំណែកឪពុកជាប់រវល់ចេញទៅបាញ់ថ្នាំស្រូវដោយទុកឱ្យកូនប្រុសទើបមានអាយុ៣ឆ្នាំដើរលេងរហូតអស់រយៈពេលយូរ ទើបនឹកឃើញរកកូន និងដើរសួរគេឯង
ក្រោយពីសួរគេឯងអស់ចិត្តនៅតែរកមិនឃើញ ក៏បានរត់ទៅឱ្យគ្រូទស្សន៍ទាយមើល ហើយគ្រូបានប្រាប់ថា ឱ្យចុះរាវក្នុងទឹក និងបានប្រទះឃើញកូនហើយ ខណៈនោះពួកគាត់បានធ្វើតាមគ្រូទាយ ក៍ចុះរាវរក ស្រាប់តែប្រទះឃើញកូនក្នុងទឹកប្រឡាយពិតមែន ប៉ុន្តែមិនអាចជួយបានឡើយ ដោយកូនប្រុសបានលង់ទឹកបាត់បង់ជី វិ តទៅហើយ ។
បើតាមការឱ្យដឹងពីខាងសមត្ថកិច្ច ក្មេងរងគ្រោះខាងលើមានឈ្មោះថា ស្មុយ គឹមថាំង ហៅដាប់ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើហើយនៅមុនពេលកើតហេតុ ស្ត្រីជាម្តាយកំពុងតែដេកលង់លក់ ចំណែកប្តីចេញពីផ្ទះទៅបាញ់ថ្នាំស្រូវ បន្ទាប់ពីភ្ញាក់ពីដំណេកវិញ គាត់ក៍ចាប់ឆ្នាំងដាំបាយ ខណៈនោះក៍បានចាប់អារម្មណ៍នឹកឃើញបាត់កូនយូរហើយ ក៏បានដើររក និងសួរអ្នកភូមិជិតខាង
ប៉ុន្តែពួកគេក៏មិនបានឃើញដែរ បន្ទាប់មកគាត់ក៏បានរត់ទៅឱ្យគ្រូទស្សន៍ទាយ ហើយគ្រូទាយប្រាប់ថា ឱ្យគាត់ចុះរាវក្នុងទឹកនឹងបានជួបប្រទះហើយ ខណៈនោះគាត់បានធ្វើតាមគ្រូទាយ ក៏ចុះរាវរកបានប្រទះឃើញកូនពិតមែន ប៉ុន្តែហួសពេលទៅហើយ ដោយកូនបានលង់ទឹកបាត់បង់ជីវិតទៅហើយ៕