យុវជនម្នាក់ ដែលបោះពុម្ពសៀវភៅសរសេរភាសាបរទេស ជាសំនៀងខ្មែរ ធ្វើឲ្យមានប្រតិកម្មនិងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែររួចមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយសៀវភៅ Possible Crush ដែលមានផ្នែកខ្លះ បានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ សំណេរនិងការបោះពុម្ពផ្សាយបែបនេះធ្វើឲ្យអាប់ឱន និងប៉ះពាល់ធ្ងន់ធ្ងរដល់អក្សរខ្មែរ ដែលមានចំណាស់រាប់ពាន់ឆ្នាំរបស់ជាតិ ។
ក្នុងជំនួបនាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរផងនោះ លោក លី តារា បានទទួលស្គាល់កំហុសឆ្គង ដែលកើតមានដោយអចេតនា និងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយរបស់លោក ។
លោក លី តារា បានសន្យាថា នឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការកែប្រែកុំឲ្យមានកំហុសឆ្គងបែបនេះ កើតទៀតនៅពេល អនាគត ។
សូមជម្រាបដែរថា លោក លី តារា មានអាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ជំនាញអក្សរសាស្ត្រអង់គ្លេស កាលពីឆ្នាំ២០១៥ ។ លោក តារា ធ្លាប់បាននិពន្ធសៀវភៅបែបលើកទឹកចិត្ត និងសៀវភៅជាច្រើនផ្សេងទៀតជាភាសាអង់គ្លេស ដែលបច្ចុប្បន្ននេះ លោកបាននិពន្ធសៀវភៅជាង ១០ក្បាលរួចមកហើយ ។
សៀវភៅ Possible Crush ធ្វើអោយមានប្រតិកម្ម និងផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរតែមួយប្រទេស ដែលបោះពុម្ពផ្សាយ ដោយសរសេរសំនៀងភាសាឡាតាំង លាយអង់គ្លេស កត់សូរភាសាខ្មែរ ។ ទាំងនេះ ធ្វើអោយអ្នកអភិរក្សអក្សរសាស្ត្រខ្មែរ យល់ឃើញថា នឹងធ្វើអោយក្មេងៗ ជំនាន់ក្រោយកាន់តែភ្លេច ប្រាស់ចាកប្រើប្រាស់អក្សរសាស្ត្រជាតិរបស់ខ្លួន ៕