នារីជាកម្មការិនីរោងចក្រម្នាក់ មានទំនាក់ទំនងជាមួយគ្រូទាយវ័យក្មេង ដោយលោកគ្រូទាយនោះ ប្រាប់ថានាងមានគ្រោះ ទាល់តែរំដោះគ្រោះចេញទើបល្អ ហើយល្បួងថាយកទៅបញ្ចូលសីលមន្តអាគម នៅក្នុងផ្ទះសំណាក់ អស់រយៈពេល២ម៉ោង លោកគ្រូនោះចាត់ការបានសម្រេចរហូតដល់ទៅ៥ដង រួចក៏គេចខ្លួនបាត់រហូត។
ប៉ុន្តែរយៈពេល១ខែក្រោយមក លោកគ្រូទំនងជាញ៉ាម ព្រោះធ្លាប់បានហ្វ្រីៗ ក៏ណាត់នាងថារំដោះគ្រោះទៀត តែនាងដឹងថាកន្លងមកចាញ់បោកលោកគ្រូនោះ ទើបប្រើល្បិចរាយអន្ទាក់ មុននឹងមកជួប ប្ដឹងសមត្ថកិច្ចទុកជា មុនពេលណាត់ជួបមុខចាប់ខ្លួនគ្រឹបតែម្ដង។
សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យរូបនេះ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ប៉ុន្តែករណីនេះ វាបានកើតឡើងតាំងពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ តែទើបមានឱកាសចាប់ខ្លួនបាននៅចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
គ្រូទាយនេះ ត្រូវបានគេស្គាល់ ឈ្មោះ ភុន សុខអេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូទាយ មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែកនារីរងគ្រោះ មានឈ្មោះ ទ ស វ ឌ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កន្លងទៅ គ្រូកំពូលបោកម្នាក់នេះ បានណាត់ឲ្យនាងមកជួប ដើម្បីកាត់គ្រោះចង្រៃ ហើយពេលមកដល់ជួបមុខគ្នា បុរសខាងលើ បាននាំចូលផ្ទះសំណាក់មួយក្នុងសង្កាត់ចោមចៅ ដោយនិយាយបំភ័យរឿងមានគ្រោះ ទាល់តែកាត់គ្រោះចេញទើបផុតទុក្ខទោសអប្រិយចង្រៃ តែមិនអីទេ
ចាំគ្រូជួយដោយបង្ខំឲ្យនាង ដេកក្នុងរយៈពេល២ម៉ោងក្នុងផ្ទះសំណាក់រហូតបានសម្រេចដល់ទៅ៥ដង រួចទើបឲ្យនាងវិលត្រឡប់ទៅស្រុកកំណើតវិញ។ ពេលនោះ ទើបដឹងថានាងចាញ់បោកគ្រូទាយម្នាក់នេះ តែមិនហ៊ាននិយាយអីឲ្យគ្រូនោះដឹងខ្លួនទេ សុខចិត្តសម្ងំបៀមការឈឺចាប់ម្នាក់ឯង នៅពេលមានឱកាសសឹមរៀបចំគម្រោងចាប់ខ្លួនគ្រូនោះវិញ។
ប្រភពបន្តទៀតថា លុះរហូតដល់ព្រឹកថ្ងៃទី៩មេសានេះ គ្រូទាយកំពូលបោកនេះ បានណាត់ឲ្យនាងមកជួបសាជាថ្មី ដោយដឹងថា ចាញ់បោកគ្រូទាយរូបនេះហើយ នាងក៏មកតាមការណាត់ តែមុននឹងជួបនាងបានប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣រួចបាត់ទៅហើយ ទើបទៅជួបត្រង់ចំណុចរង្វង់មូលចោមចៅ ក៏ប្រទះឃើញមុខ ទើបនគរបាលចាប់ឃាត់ខ្លួនបានតែម្ដងយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំពោះករណីគ្រូទាយបោកប្រាស់ ដើម្បីចង់រួមភេទជាមួយស្រីបែបនេះ វាហាក់កើតឡើងដដែលៗ ប៉ុន្តែនាងស្រីៗមួយចំនួនតូចនៅតែភ្លាត់ស្នៀតឆ្លៀតចាញ់ល្បិចកលរបស់គ្រូទាយប្រភេទនេះជាបន្ដបន្ទាប់ មុននឹងជឿលើអ្វីមួយ ចូរពិចារណារកហេតុផលឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យជនឱកាសនិយមអាចឆ្លៀតកេងចំណេញលើនាងៗបាន៕