មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលជនសង្ស័យជាចុងភៅម្នាក់ ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ពីបទហិង្សាដោយចេតនា (ដាក់ថ្នាំងងុយដេកនិងថ្នាំរាក ក្នុងទឹកនិងចំណីអាហារឲ្យជនរងគ្រោះ) រហូតមានជំងឺ ខណៈដែលប្រពន្ធជនរងគ្រោះ ក៏ជាអ្នករួមគំនិតដាក់ថ្នាំប្តី និងកំពុងរត់គេចខ្លួន។
ដែលករណីខាងលើនេះបានកើតឡើងកាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ចំណុចផ្ទះលេខ ៩១១សេ ផ្លូវលេខ ៧៥បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស្រេង ចាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកប្រពន្ធជនរងគ្រោះដែលគេចខ្លួនមានឈ្មោះ តាំង លីណា ហៅលីតា អាយុ ២៥ឆ្នាំ ។
ចំណែកឯជនរងគ្រោះដែលត្រូវជាប្តីវិញនោះមានឈ្មោះថា ហ្វុង លីម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន CR18G ស្នាក់នៅជាមួយគ្នា ត្រូវជាប្តីរបស់នារីដែលជាអ្នកបញ្ជាឱ្យដាក់ថ្នាំ។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានចូលមកបម្រើការងារជាចុងភៅនៅផ្ទះរបស់ជនរងគ្រោះ។ លុះមកដល់ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះមានអាការៈឈឺក្រពះ និងរាកខុសពីធម្មតា ក៏ទៅពិនិត្យនៅពេទ្យឃើញថា មានជំងឺឈឺក្រពះបណ្តាលមកពីប្រើថ្នាំងងុយដេកច្រើនពេក
ទើបជនរងគ្រោះសង្ស័យប្រពន្ធ និងចុងភៅលួចដាក់ថ្នាំក្នុងចំណីអាហារ (ព្រោះជនរងគ្រោះមិនដែលប្រើថ្នាំងងុយដេកនោះទេ) ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះក៏ហៅជនសង្ស័យជាចុងភៅមកសួរនាំ ទើបជនសង្ស័យនោះសារភាពថា ខ្លួននិងប្រពន្ធជនរងគ្រោះពិតជាដាក់ថ្នាំក្នុងចំណីអាហារឲ្យជនរងគ្រោះបរិភោគពិតមែន ទើបជនរងគ្រោះនាំជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរ
តែក្រោយពីសាកសួរ ទីតាំងកើតហេតុ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ទើបកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ បានប្រគល់ឲ្យសមត្ថកិច្ចជំនាញ របស់ប៉ុស្តិ៍បឹងទំពន់ទី១ នៃអធិការដ្ឋានខណ្ឌមានជ័យ នាំយកមកធ្វើការសាកសួរនាំតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំចាត់ការបន្ដតាមនីតិវិធី។ ចំណែកជនសង្ស័យជាប្រពន្ធ បានរត់គេចខ្លួនបាត់៕