ស្របពេល លោក ព្រាប សុវត្ថិ សម្រេចចាកចេញពីទ្រនំចាស់(ហង្សមាស)ដែលធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីល្បាញមានរយៈពេលប្រមាណជាង២០ឆ្នាំនោះ ពេលនេះក៏ស្រាប់តែមានដំណឹងថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា លោក ខេមរៈ សិរីមន្ត កំពុងត្រៀមចូលផលិតកម្មGalaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។
បើតាមប្រភពមិត្តភ័ក្ដិអ្នកសិល្បៈរួមអាជីពមួយចំនួនបាននិយាយខ្សឹបខ្សៀវគ្នាថា បន្ទាប់ពី លោក ព្រាប សុវត្ថិ បានសម្រេចចុះកុងត្រា(កិច្ចសន្យា)រយៈពេល៥ឆ្នាំជាមួយផលិតកម្មGalaxyផ្លូវការហើយនោះ ពេលនេះបានលេចឮដំណឹងថា លោក ខេមរៈ សិរីមន្ត ក៏កំពុងចរចាចុះកុងត្រាចូលGalaxy តាមលោក ព្រាប សុវត្ថិ ឆាប់នេះៗ។
គេហទំព័រកម្ពុជាថ្មី កាលពីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ បានភ្ជាប់ទំនាក់ទំនងដើម្បីសុំការសួរនាំពី លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មGalaxy ដែរ ប៉ុន្តែពេលតេចូល ត្រូវបានលោកនិយាយដោយខ្លីថា សូមទោសពេលនេះ ខ្ញុំកំពុងតែជាប់ប្រជុំ រួចក៏ចុចផ្តាច់ទូរសព្ទទៅវិញ។
ដោយឡែក បើចាប់អារម្មណ៍នៅលើហ្វេសប៊ុកផ្លូវការរបស់ លោក យឹម តាស្រង់ បានបង្ហោះរូបភាពភ្ជាប់ជាមួយការជួបជុំ លោក ខេមរៈ សិរីមន្ត និង ឧកញ៉ា ឡេង ណាវ៉ាត្រា ថា ការងារសិល្បៈជាមួយគ្នា ត្រូវចេះគោរពស្រឡាញ់ និងឲ្យតម្លៃគ្នាទៅវិញទៅមក ព្រោះវិលចុះវិលឡើង តែងតែជួបគ្នាហើយកុំមើលស្រាលនរណាម្នាក់ថាគេក្មេងជាង
ខ្ចីជាង ឬយកគេជាសត្រូវ។អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy លោក យឹម តាស្រង់ក៏បាននិយាយបន្ថែមទៀតថា កុំមើលស្រាលគេមិនដល់ខ្លួន ឬមើលស្រាលមិនឲ្យតម្លៃបុគ្គលិកខ្លួនឯង អាងតែខ្លួនឯងជាម្ចាស់
ផ្លូវនៅមានដើរបន្តទៀតវែងឆ្ងាយនៅពេលខាងមុខទៀត។តាមរយៈនេះ ត្រូវបានមហាជនមួយចំនួនបង្ហាញការគាំទ្រ និងយល់ឃើញថា តារាចម្រៀង លោក ខេមរៈ សិរីមន្ត ក៏ចូលផលិតកម្មGalaxy របស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយរៀមច្បង លោក ព្រាប សុវត្ថិ ផងដែរ៕