យោងតាមការបង្ហោះឲ្យដឹងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា នៅថ្ងៃទី ២២ នេះ លោកបានដឹកនាំអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពទំនិញ និងដកហូតបានបង្គាមានសារធាតុគីមី រហូតដល់ទៅជិត ១០០គីឡូក្រាម ហើយលោកបានដុតបំផ្លាញចោល ដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។ ឯកឧត្តមបានសរសេររៀបរាប់ថា៖
«សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍គឺជារឿងសំខាន់បំផុត ដែលក្នុងនាមអាជ្ញាធរត្រូវតែគិតគូរ និងយកចិត្តទុកដាក់! ខេត្តកែប, ព្រឹកថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០
ខ្ញុំបានដឹកនាំអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាពទំនិញ នៅទីតាំងផ្សារក្តាម ព្រមទាំងបានដកហូតទំនិញអន់គុណភាព និងបង្គាប្រើប្រាស់សារធាតុគីមីហាមឃាត់ មានចាក់សារធាតុចាហួយគីមី ចំនួនជិត១០០គីឡូក្រាម យកទៅដុតបំផ្លាញចោល៕»