រថយន្តម៉ាក PEUGEOT មួយគ្រឿង បានបុករថយន្តម៉ាកព្រួសមួយគ្រឿង បណ្តាលអោយរថយន្តម៉ាកព្រូសផ្នែកខាងក្រោយនោះបោកទៅត្រូវរថយន្តម៉ាកព្រួសមួយគ្រឿងទៀតដែលឈប់ចតតាមដងផ្លូវ ហើយក៏ជ្រុលបុកចូលឃ្លាំងតាំងលក់ម៉ូតូបណ្តាលអោយដួលប្រមាណជាង១០គ្រឿង ព្រមទាំងរងការខូចខាតផងដែរ ដែលគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៥០នាទីព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចផ្លូវលេខ ២៥៣ កែង ផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តម៉ាក PEU GEOT ដែលបង្កគ្រោះថ្នាក់នោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំ ពេញ២BG-០៦២១ បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែករថយន្តម៉ាក ព្រូស បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានការប្រទាញប្រទង់គ្នា ដោយម្ចាស់រថយន្ត PEU GEOT បានចោទខាងរថយន្តម៉ាកព្រូស ថាជាអ្នកបើកកៀរ តែជាក់ស្តែង បុកចំទ្វារក្រោយ រថយន្តព្រូសដែលកំពុងតែបើកបរលើផ្លូវរបស់ខ្លួនតែម្តង ។
តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក PEU GEOTបានធ្វើដំណើរតាមផ្លូវលេខ ១៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច ផ្លូវកែងក៍បានជ្រុលទៅបុក រថយន្តម៉ាកព្រួស ដែលធ្វើដំណើតាមផ្លូវលេខ២៥៣ ក្នុងទិសដៅពីជើងទៅត្បូចំទ្វារចំហៀងក្រោយខាងឆ្វេងបណ្តាលអោយផ្នែកខាងក្រោយរថយន្តព្រូសបោកទៅត្រូវរថយន្តព្រួសមួយគ្រឿងទៀត ដែលកំពុងតែឈប់ចតចិញ្ចើមផ្លូវ បណ្តាលអោយបែកស្តុបខាងក្រោយ ។
តាមប្រភពពីសាក្សីបានអោយដឹងទៀត បន្ទាប់ពីគ្រោះថ្នាក់ ធ្វើអោយរថយន្តព្រូសបាត់ម្ចាស់ការ ហើយជ្រុលចង្កូតឆ្លងផ្លូវទៅខាងឆ្វេងដៃបុកចូលឃ្លាំងម៉ូតូលេខ១៤ បណ្តាលអោយម៉ូតូដែលដាក់តាំងលក់ដួលគរលើគ្នាប្រមាណជាង១០គ្រឿង រងការខូចខាត។ ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើល និងស្ទះចរាចរណ៍ ហើយ នគរបាលមូលដ្ឋាន ក៍បានបាញ់ថ្នាំយករថយន្តបង្កចេញ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ។
នៅព្រឹកនោះដែរ នគរបាលផ្នែលចរាចរណ៍ នៃអធិការដ្ឋានខណ្ឌទួលគោក ក៍បានចុះទៅវាសវែងបញ្ជូនរថយន្ត២គ្រឿងទៅកាន់អធិការដ្ឋាន ដើម្បីដោះស្រាយ សងការខូចខាត។ចំណែករថយន្តព្រូស ដែលបែកស្តុប ត្រូវបានម្ចាស់យកទៅចូលយានដ្ឋានដើម្បីជួលជុល។ទោះបីជាយ៉ាងណា គេពុំដឹងថាខាងណាសងខាងណានោះទេ ដោយមានការប្រទាញប្រទង់ចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ៕