កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានចុះទៅធ្វើការបិទអាជិវកម្មផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ដែលធ្លាប់ត្រូវបានធ្វើកិច្ចសន្យាព្រមានជាច្រើនលើកច្រើនសារមកហើយនៅតែបន្តធ្វើ។ គិតមកដល់ពេលនេះលោក ជួន វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នេះ តាមរយៈសាលក្រមសម្រេចមុនអង្គសេចក្តីទៅលើស្ត្រីឈ្មោះ ជុន មុំ អាយុ៤៩ឆ្នាំ ដាក់ពន្ធនាគារ បណ្តោះអាសន្ន ករណីផលិតស្ករត្នោតក្លែងក្លាយប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
យោងតាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថាជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទ «កែច្នៃផលិតផលទំនិញដែលច្បាប់ហាមឃាត់» ប្រព្រឹត្តនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ តាមមាត្រា១៧ មាត្រា១៨ និង មាត្រា៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា ។
កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដឹកនាំដោយលោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមានស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុង ស្មើរ៣៤៨គីឡូក្រាម , ស្ករសរចំនួន៣បាវស្មើ១៥០គីឡូក្រាម , ប្រេងឆាមួយពីដុងកន្លះស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន១ឆ្នាំងខ្ទះចំនួន៣ ។
ក្រោយពីឃើញការផ្សព្វផ្សាយនូវព័ត៌មាននៃការឃាត់ខ្លួនម្ចាស់ផលិតកម្មស្ករត្នោតក្លែងក្លាយជាច្រើនលើកច្រើនសារនេះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានប្រកាសស្នើសុំឱ្យមហាជនធ្វើការតាមដានការឃាត់ខ្លួនម្ចាស់ផលិតកម្មស្ករត្នោតក្លែងក្លាយនេះតែម្តង ហើយបើសិនជានៅតែមានការដោះលែងម្ចាស់ផលិតកម្មនេះទៀត នោះលោកជំទាវនឹងទៅធ្វើការរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយ។
ឆ្លើយតបនឹងការសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News ដែលបានសួរនាំផ្ទាល់អ្នកស្រី ជុន មុំ បានឆ្លើយថា «ពីមុនខ្ញុំបានសុំច្បាប់ពីស្រុក ហើយស្រុកចេញច្បាប់ឱ្យខ្ញុំ ខ្ញុំក៏ផលិតលក់ទៅ តែពេលផលិតលក់ក៏គេមកចាប់ ធ្វើកិច្ចសន្យាទេីបដឹងថាខ្លួនខុស, ហើយដោយសារអត់លុយសងគេទើបលួចផលិតទៀត គេក៏មកចាប់ទៀត ធ្វើកិច្ចសន្យាទៀត ជាបន្តបន្ទាប់ហើយក៍ឈប់យូរហើយដែរ ទលបតែមកធ្វើប្រមាណ ២ខែនេះទេ ដោយសារជំពាក់លុយធនាគារ។ ខ្ញុំពិតជាខុសមែន ប៉ុន្តែដោយសារជំពាក់លុយធនាគារ ទើបខ្ញុំបង្ខំចិត្តផលិតលក់យកលុយសងគេ ហើយសន្យាថានឹងឈប់ផលិតស្ករត្នោតក្លែងក្លាយទៀតហើយ ហើយផ្ដាំផ្ញើរកុំឱ្យគេយកគម្រូតាមខ្ញុំ»។