កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដឹកនាំដោយលោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា ម្ចាស់ទីតាំងមានឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែច្នៃស្ករត្នោតក្លែងក្លាយធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំអោយគាត់បញ្ឈប់ផលិតស្ករត្នោតក្លែងក្លាយចំនួន៥លើករួចមកហើយ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមានស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុង ស្មើរ៣៤៨គីឡូក្រាម , ស្ករសរចំនួន៣បាវស្មើ១៥០គីឡូក្រាម , ប្រេងឆាមួយពីដុងកន្លះស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន១ឆ្នាំងខ្ទះចំនួន៣ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរម្ចាស់ទីតាំងតាមផ្លូវច្បាប់ ៕
ក្រោយពីឃើញការផ្សព្វផ្សាយនូវព័ត៌មាននៃការឃាត់ខ្លួនម្ចាស់ផលិតកម្មស្ករត្នោតក្លែងក្លាយជាច្រើនលើកច្រើនសារនេះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានប្រកាសស្នើសុំឱ្យមហាជនធ្វើការតាមដានការឃាត់ខ្លួនម្ចាស់ផលិតកម្មស្ករត្នោតក្លែងក្លាយនេះតែម្តង ហើយបើសិនជានៅតែមានការដោះលែងម្ចាស់ផលិតកម្មនេះទៀត នោះលោកជំទាវនឹងទៅធ្វើការរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយ។
លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារនៅលើផេកជាផ្លូវការរបស់លោកជំទាវថា៖ «សូមបងប្អូនកូនក្មួយមិត្តរួមFacebook ទាំង ជួយឃ្លាំមើលការឃាត់ខ្លួនថៅកែឈ្មោះជួន មុំ ផលិតស្ករត្នោតក្លែងក្លាយបង្ករផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឃាត់បានប៉ុន្មានថ្ងៃបើហ៊ានលេងយាយជួន មុំ ទៀតខ្ញុំទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយពីព្រោះការផលិតស្ករត្នោតក្លែងក្លាយចាប់ថៅកែនេះ៨ ដងតែមិនដែលកាត់ទោសទេចាំមើលសានេះតុលាការគិតយ៉ាងម៉េចលេងឲ្យទៅផលិតទៀតដែរទេ ? សូមមិត្តរួមហ្វេសប៊ុកជួយឃ្លាំមើលតុលាការទាំងអស់គ្នា ។»