ថ្មីៗនេះមានការលេចឮថា កំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានអតីតពលករមកពីកូរ៉េ ដែលក្លាយជាថៅកែផលិតកម្ម Galaxy Navatra លោកឡេង ណាវ៉ាត្រា ចង់ជះលុយចំនួន៣០ម៉ឺនដុល្លារ ទិញតារាចម្រៀងគ្មានកុងត្រានៅហង្សមាស រូបនេះ មកចុះកុងត្រានៅទ្រនំលោក រយៈពេល៥ឆ្នាំ។
ការធ្លាយរឿងផលិតកម្មនៅក្មេងខ្ចី តែចិត្តធំចង់ស្ទួចយកតារាសំខាន់របស់ហង្សមាស លោកព្រាប សុវត្ថិ នេះ បន្ទាប់ពី Galaxy បានអូសទាញតារាសំខាន់របស់ផលិតកម្មថោន គឺលោកប៉ុន សុណារិន្ទ ហៅខេម មកធ្វើជាតារាចម្រៀងរបស់ខ្លួនដោយជោគជ័យ ហេតុនេះហើយបានជាថៅកែផលិតកម្មមួយនេះមានមហិច្ឆិតាចង់បានលោកព្រាប សុវត្ថិ មករួមទ្រនំរបស់ខ្លួនម្នាក់ទៀត បន្ទាប់ពីអ្នកទាំង២ បានរាប់អានគ្នាក្នុងមុខជំនួញរកស៊ីដីឡូតិ៍មួយរយៈមក។ ប៉ុន្ដែជុំវិញរឿងរ៉ាវទាំងនេះ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy បានចេញមកបដិសេធ។
លោកយឹម តាស្រង់ ដែលជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra នោះអះ អាងប្រាប់ ”នគរធំ” កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ថា លោកមិនបានដឹងពីរឿងរ៉ាវទាំងនោះទេ។ លោកថា បើមានរឿងបែបនេះមែន ច្បាស់ជាដំណឹងទាំងនោះមិនអាចគេចផុតពីលោកបានទេ។ ប៉ុន្តែនេះគ្មានការទាក់ទងគ្នាឬការចំណាយលុយធំទិញព្រាប សុវត្ថិ ដូចគេនិយាយនោះឡើយ។ ព្រាប សុវត្ថិ ជាតារាចម្រៀងដែលឈានមុខគេនៅផលិតកម្មរស្មីហង្សមាស ជាង២០ឆ្នាំមកហើយ ដែលលោកបានថតបទចម្រៀងឲ្យផលិតកម្មមួយនេះ មានចំនួនជាង៣០០០បទ។
នេះមិនមែនជាលើកទី១នោះទេ ដែលលេចឮថា ព្រាប សុវត្ថិ ចង់ដើរចេញពីហង្សមាស ពោលគឺកាលពីឆ្នាំ២០១៨ ក៏ធ្លាប់ធ្លាយដំណឹងថា ព្រាប សុវត្ថិ ជិតក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន ដែរ ប៉ុន្តែទីបំផុត លោកនៅតែបន្ដច្រៀងឲ្យហង្សមាស ដដែល។ដោយឡែក ការលេចឮថា ព្រាប សុវត្ថិ ចង់ចេញពីហង្សមាស ចូល Galaxy នោះ មតិភាគច្រើនយល់ថា មិនអាចទៅរួចឡើយ ព្រោះសំអាងថា ហង្សមាស បានបង្ហាញការតបស្នងទៅព្រាប សុវត្ថិ តាមរយៈការទទួលយកកូនប្រុសទាំង៣របស់លោក ឲ្យធ្វើជាតារាចម្រៀងនៅផលិតកម្មនេះ ដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀងផ្នែកណាមួយទេ គឺចូលដោយស្វ័យប្រវត្តិតែម្ដង។
ម្យ៉ាងទៀត ទឹកលុយ៣០ម៉ឺនដុល្លារ ដែលអតីតពលករនៅកូរ៉េ លោកឡេង ណាវ៉ាត្រា ចង់ជះអូសទាញលោកនោះ ចំនួនលុយនេះក៏មិនច្រើនសម្រាប់ព្រាប សុវត្ថិ ហើយក៏រឹតតែមិនអាចធ្វើឲ្យលោករំភើប ឬផ្លាស់ប្ដូរឧត្តមគតិលោកបានដែរ។ អ្វីដែលពិសេសថែមទៀតនោះ នៅឆ្នាំ២០២០នេះ ព្រាប សុវត្ថិ នៅតែជាតារាឈានមុខគេនៅហង្សមាស ដដែល បើទោះជាខេមរៈ សិរីមន្ដ បានចូលផលិតកម្មនេះ ៣ឆ្នាំក្ដី អីចឹងតើលោកមានរឿងអាក់អន់ស្រពន់ចិត្តអ្វី ដែលត្រូវស្ពាយបង្វេចចេញពីហង្សមាស ចូល Galaxy?
អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោកព្រាប សុវត្ថិ កាលពីថ្ងៃទី១០ ខែសីហា ប៉ុន្ទែតេចូល លោកមិនលើកឡើយ ទើបមិនអាចទទួលបានចម្លើយពីលោកជុំវិញរឿងរ៉ាវនេះទេ។ ចំណែកលោកអ៊ឹង សុខលាភ អ្នកគ្រប់គ្រងផលិតកម្មហង្សមាស មិនដែលឆ្លើយសំណួររបស់អ្នកកាសែតឡើយ។
យ៉ាងណា មហាជនរង់ចាំមើលថា តើព្រាប សុវត្ថិ ដែលជោគជ័យអាជីពចម្រៀងជាង២ទសវត្សន៍ រហូតធ្វើឲ្យលោកមានជីវភាពធូរធា និងមានមុខជំនួញមួយចំនួនមិនចាញ់ឧកញ៉ាៗនោះ នឹងនៅតែចង់បន្ដរច្រៀងឲ្យហង្សមាស ទៀត ឬមួយក៏លោកចង់ប្ដូរទ្រនំចាស់ផ្លាស់ចូលទ្រនុំថ្មី ដូចដំណឹងដែលកំពុងតែសាយភាយនេះមែន ខណៈដែលមុននេះ តារាចម្រៀងមាស សុខសោភា បាយបាយពីថោន ទៅហើយ ក្រោយផ្ញើខ្លួនបាន៩ឆ្នាំ៕
ប្រភព Nokor Thom