មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលកម្លាំងនគរបាលនាយកដ្ឋានបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ នៃអធិការរដ្ឋានខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់់ការចេញទៅបង្ក្រាបក្រុមបក្ខពួកជនសង្ស័យបានចំនួនទាំង៧នាក់ ដែលពួកគេទាំងនោះបានប្រព្រឹត្តិបទល្មើសឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់តាមប្រព័ន្ធផ្ទេរប្រាក់វីង (WING)។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការនៃការបង្ក្រាបជនសង្ស័យទាំង៧នេះត្រូវបានធ្វើឡើងនៅចំណុចផ្ទះសំណាក់មួយកន្លែងដែលមានយីហោ “ឌី មនោរម្យ” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់២ ក្បែរផ្សារប៉េសេ ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនសង្ស័យទាំង៧នាក់ដែលត្រូវបានឃាត់ខ្លួននោះទេ ដោយពេលនេះជនសង្ស័យទាំង០៧ខាងលើនេះភ្លាមៗត្រូវបានកម្លាំងនគរបាលនាយកដ្ឋានបច្ចេកវិទ្យានាំខ្លួនចូលទៅក្នុងរថយន្តយកទៅធ្វើការសាកសួរ និងឃាត់ខ្លួនជាបណ្តោះអាសន្ននិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។