សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ សម្ដេចក្រឡាហោម ស ខេង បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។
ជាមួយគ្នានេះ សម្ដេចក្រឡហោម ស ខេង ក៏បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ គួរជម្រាបថា ការសម្រេចផ្អាកការងារបណ្ដោះអាសន្នរបស់ស្នងការខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ លោកបានទទួលរងនូវពាក្យបណ្ដឹងមួយចំនួនពីមន្ដ្រីក្រោមឱវាទ ពាក់ព័ន្ធការដឹកនាំការងារ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី អ៉ឹម សុគឿន ពីស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ឲ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិកផងដែរ៕
គួររំលឹកផងដែរថាក្រោយពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីពាក់ព័ន្ធចុះស្រាវជ្រាវពិនិត្យរឿងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ល្មោភតណ្ហាបៀតបៀន កេរ្តិ៍ខ្មាសទៅលើពួកមន្រ្តីនគរបាលស្រីៗ នៅក្រោមឱវាទរបស់ខ្លួនមក ស្រាប់តែគេឃើញលោកស្រីវរៈសេនីយ៍ទោ កែវ វនាថ នាយរងការិយាល័យសន្តិសុខ និងអនុសេនីយ៍ឯក ទុយ ចាន់ណូ នាយរងផ្នែក ការិយាល័យបេតិកភណ្ឌ ជាបក្ខពួកដៃជើង បានដើរប្រមូលស្នាមមេដៃមន្ត្រី ប៉ុន្តែមន្ត្រីនៅតាមការិយាល័យជំនាញ មិនព្រមផ្ដិតមេដៃគាំទ្រលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ទេ។
លោកផែង វណ្ណៈ បានបង្ហោះសារមួយ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា៖ ប្រភពពីមន្ត្រីនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអោយដឹងនៅរសៀលថ្ងៃនេះថា បន្ទាប់ពីមានក្រុមការងាររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះទៅស៊ើបអង្កេតស្រាវជ្រាវនៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធនឹងបណ្ដឹងរបស់មន្ត្រីនគរបាលនារីៗដែលប្ដឹងលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្ត ពីបទបៀតបៀនកេរ្តិ៍ធ្ងន់ធ្ងរនោះ លោកស្រីវរៈសេនីយ៍ទោ កែវ វនាថ នាយរងការិយាល័យសន្តិសុខ និង អនុសេនីយ៍ឯក ទុយ ចាន់ណូ នាយរងផ្នែក ការិយាល័យបេតិកភណ្ឌ បានដើរប្រមូលស្នាមមេដៃមន្ត្រីតាមការិយាល័យជំនាញ និងតាមអធិការដ្ឋាននគរបាលក្រុងស្រុក ចំណុះស្នងការដ្ឋាន ដើម្បីគាំទ្រ លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ។
ប៉ុន្តែមន្ត្រីនៅតាមការិយាល័យជំនាញ មិនព្រមផ្ដិតមេដៃគាំទ្រទេ មានតែតាមប៉ុស្ដិ៍រដ្ឋបាល និងអធិការដ្ឋាននគរបាលក្រុងស្រុកខ្លះតែប៉ុណ្ណោះ ។ ហេ ហេ មិនដឹងថាពិតឬមិនពិតទេ តែបើគេយកស្នាមដៃលប់លាងកំហុសបាន គេមិនចាំបាច់បង្កើតច្បាប់ បង្កើតតុលាការមកទេ ។ ល្អ ឬអាក្រក់ ទុកអោយក្រុមការងារស្រាវជ្រាវសិនទៅ មិនចាំបាច់ប្រមូលស្នាមមេដៃកូនចៅធ្វើស្អីទេ ៕