ឃើញហើយពិតជារន្ធត់ចិត្តក្រៃលែង ដែលមានពលករខ្មែរមួយរូបបានរងគ្រោះឆេះរលាកពេញមុខ និងខ្លួន ក្រោយពីរូបលោកបានជួបគ្រោះមហន្តរាយបានផ្ទុះហ្គាសនៅកណ្តាលសមុទ្រលិចទូក នៅប្រទេសថៃ ហើយពលករខ្មែរដែលមានឈ្មោះថា «លីហាវ» បាន Live វីដេអូផ្ញើសារផ្តាំទៅប្រពន្ធកូន និងដង្ហោយរកការជួយសង្គ្រោះដោយក្តីឈឺផ្សារ ដោយសារតែរបួសនៃការរលាកពេញខ្លួន និងអណ្តែងលើផ្ទៃសមុទ្រអស់រយៈពេល២យប់២ថ្ងៃហើយ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះ ។
លោកលី ហាវ ដែលមានសំបុរស្រអែមបានផ្តាំផ្ញើមកប្រពន្ធ និងកូននៅស្រុកខ្មែរថា «បើឃើញវីដេអូហើយ អូនកុំយំ សង្ឃឹមថា អូនឯងមើលថែកូនបានល្អ» ។ និយាយបន្តបង្ហាញវីដេអូរបស់ខ្លួននៅលើផ្ទៃសមុទ្រទន្ទឹងរង់ចាំមើលទូកនេសាទផ្សេងៗមក តែពុំមានស្រមោលទូកអ្នកដំណើរ ឬទូកនេសាទឆ្លងកាត់កន្លែងដែលលោកជួបគ្រោះថ្នាក់នោះឡើយ ។
ពោលទាំងអួលដើម.ក អមនឹងក្តីឈឺផ្សារនៃមុខរបួសដែលរលាកឡើងរោលខ្មៅមុខ និងដងខ្លួន លោក លី ហាវ បានឲ្យដឹងថា ឆ្នាំងហ្គាសផ្ទុះឆេះទូករបស់លោក ហើយរលាកខ្លួន និងមុខ លោកបានពោលទៅកាន់ប្រពន្ធជាថ្មីថា «ហើយបងក៏គ្មានសង្ឃឹមថា បានទៅជួបអូនឯងទៀតដែរ ។ នេះជាវីដេអូឃ្លីបចុងក្រោយដែលបងថតផ្ញើទៅអូន» ។ លោកបានផ្តាំទៅប្រពន្ធថា លោកស្រលាញ់ប្រពន្ធ និងកូនណាស់ ចង់ជួបមុខប្រពន្ធនិងកូនណាស់ ។
ដោយក្តីឈឺផ្សារនៃមុខរបួសដែលរលាកសូម្បីតែសក់របស់លោកក៏ឆេះឡើងរួចនោះ លោក លី ហាវ យំបណ្តើរនិយាយទៅកាន់ប្រពន្ធបណ្តើរតាមរយៈវីដេអូ Live ថា «សង្ឃឹមថា អូនឯងបានឃើញវីដេអូឃ្លីបនេះ ។ នេះជាដង្ហើមចុងក្រោយរបស់បង អង្គុយលើពោងម្នាក់ឯង ទូកក៏លិចគ្មានអីទីពឹងទៀតទេ ។ បើគ្មានឃើញទូកមកក្បែរផង មានតែស្លាប់ហើយ ។ មើលមុខបងឆេះអស់ហើយ មិនដូចមុនទេ» ។
តាមរយៈវីដេអូឃ្លីបដែលលោកបាន Live ជូនដំណឹងទៅប្រពន្ធ លោកលី ហាវ បានត្រឹមតែយំស្រែករកទេវតាឲ្យជួយ ព្រោះឆេះពេញខ្លួន ហើយទូកក៏លិចកណ្តាលសមុទ្រ ហើយនៅកណ្តាលសមុទ្រតែម្នាក់ឯង ឃើញហើយទប់ទឹកភ្នែកមិនបាននោះទេ ។ លោកបានត្រឹមតែផ្តាំប្រពន្ធម្តងហើយម្តងទៀតឲ្យចិញ្ចឹមកូនឲ្យធំធាត់ឲ្យបានល្អ។
យ៉ាងណាមិញ ក្រោយពីរសាត់អណ្តែតលើផ្ទៃសមុទ្រដោយក្តីឈឺចាប់ ដាច់បាយដាច់ទឹកអស់រយៈពេល ៤ យប់ ទីបំផុតលោក លី ហាវ ក៏បានជួបមនុស្សគេជួយសង្គ្រោះ ហើយលោកបានពោលថា «ព្រោះតែជីវភាពក្រសំរាចចិត្តមកធ្វើការស្រុកថៃគិតថា ជីវភាពប្រសើរតែមិនដូចការគិត…😢😢 តែបែជាបរាជ័យទៅវិញ…😢😢» ។ ពេលនេះបើតាមការឲ្យដឹងពីបងប្អូនខ្មែរនៅប្រទេសថៃ បានបញ្ជាក់ថា រូបគាត់បានមកដល់គោកដោយសុវត្ថិភាពហើយ បច្ចុប្បន្នគាត់នៅមន្ទីរពេទ្យ។ អរគុណចំពោះការយកចិត្តទុក្ខរបស់បងប្អូន ៕
ប្រភព៖ kohsantepheapdaily