មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ ដែលករណីនេះបានធ្វើឡើងនៅថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីយប់។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ខារ៉ាអូខេ BKនិង រង្គសាលចតុមុខ មានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលល្មើសនឹងសេចក្តីណែនាំ មិនចូលរួម បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ អជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ ដូចជា រាជរដ្ឋាភិបាលកម្ពុជា ។
ជាគោលការណ៍ លោក អភិបាល បានហៅម្ចាស់ទីតាំងខាងលើ មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ នាព្រឹកស្អែក។ ក្នុងករណីម្ចាស់ទីតាំងនៅតែមិនអនុវត្តតាមការណែនាំនេះ គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្មនេះ តែម្តង៕