មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះថា មានករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួ ចម៉ូតូ និងលុយរបស់មិត្តភក្តិដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នាពីខេត្តសៀមរាប រួចជិះទៅសម្ងំលាក់ខ្លួននៅខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាលទាំង២ខេត្ត សហការគ្នាស្រាវជ្រាវមុខសញ្ញា រួចឈានដល់ធ្វើការឃាត់ខ្លួន ហើយប្រគល់មកឱ្យកម្លាំងនគរបាលជំនាញ ក្រុងសៀមរាបវិញ ដើម្បីធ្វើការសួរនាំ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខបន្ទប់ជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២០ នៅចំណុចភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចខេត្តសៀមរាបបានឱ្យដឹងថា ជនសង្ស័យឈ្មោះធឿន ម៉ៅ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ នៅ ភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ ចំណែកសម្ភារៈដែលបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AE- 0175 និងលុយចំនួន២០ម៉ឺនរៀល ជារបស់ជនរងគ្រោះឈ្មោះ លី សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស ។
មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួ ចយកម៉ូតូមួយគ្រឿង និងលុយចំនួន ២០ម៉ឺនរៀលរបស់ជនរងគ្រោះ នៅពេលជនរងគ្រោះកំពុងដេកលក់មិនដឹងខ្លួន ដោយបានលួចយកសោរម៉ូតូ ដែលជនរងគ្រោះទុកលើធ្នើរក្បាលគ្រែ ហើយនឹងលុយចំនួន២០ម៉ឺនរៀលដែលជនរងគ្រោះទុកក្នុងហោប៉ៅខោរព្យួរនឹងជញ្ជាំង រួចគេ ចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាបកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូប្រគល់ឱ្យម្ចាស់វិញ៕