ផ្អើលទាំងយប់! យុវជន៤នាក់ស្លៀកស៊ីវិល ជិះម៉ូតូស្លាកលេខក្លែងក្លាយទៀត ជិះដេញចាប់គេពេញក្រុង ដល់ពេលគេចាប់មកសួរនាំទើបដឹងថា

យុវជន៤នាក់ តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូឌ្រីមសង់ ២គ្រឿង (មួយគ្រឿងគ្មានស្លាកលេខ និងមួយគ្រឿងទៀត ស្លាកលេខក្លែងក្លាយគ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងជាប់នឹងចង្កេះ បានឌុបគ្នាប្រដេញតាមបុរស២នាក់ពីក្នុងទឹកដីកោះពេជ្រ រហូតដល់មុខភោជនីយដ្ឋាន DOS ដោយមិនមានបទល្មើសអ្វីចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញក្នុងសង្កាត់ទន្លេបាសាក់ ទើបត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន មានទាំងអាវុធហត្ថ និងនគរបាលខណ្ឌ និងប៉ុស្តិ៍ទន្លេបាសាក់ រួមទាំងស្មាត់P1 ចេញជួយអន្តរាគមន៍ ក៏ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលបានកើតឡើងកាលពីវេលាម៉ោង០០:៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចមុខភោជនីយដ្ឋាន DOS លើផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យុវជនទាំង០៤នាក់ដែលអះអាងថា ខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញនោះ រួមមាន៖ ១.ឈ្មោះ លឹម ជីវ័ន្ត ហៅ ខួច អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរអ្នកលក់ម៉ូតូ ស្នាក់ផ្ទះលេខ១០D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី៣.ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤ ។ ទី៤.ឈ្មោះ ទី វីរៈ អាយុ២០ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីបុរស២នាក់ដែលអះអាងថា ខ្លួនជាជនរងគ្រោះបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា មុនកើតហេតុ គឺរូបគាត់និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លុះដល់ម៉ោងកើតហេតុក៏នាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះនៅក្រុងតាខ្មៅវិញ ខណៈពេលជិះចេញពីកោះពេជ្រ មកដល់ផ្លូវសបិត ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខយុវជនស្លៀកពាក់ស៊ីវិលមួយក្រុម មានគ្នា៤នាក់ខាងលើ បានជិះម៉ូតូ០២គ្រឿង(ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ មួយគ្រឿងអត់ពាក់ស្លាកលេខ និងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 1HP-3288 ដែលជាស្លាកលេខក្លែងក្លាយ) ប្រដាប់ដោយវិទ្យុទាក់ទង ID សៀតជាប់នឹងចង្កេះ បានប្រដេញតាមមកកៀងម៉ូតូពួកខ្លួនអោយអែបកៀន ហើយពួកគេប្រាប់ថាខ្លួន ជាអាវុធហត្ថខណ្ឌដូនពេញ ដោយចោទប្រកាន់បុរសទាំងពីរនាក់នោះថា ជាជនសង្ស័យ តែមិនដឹងថា សង្ស័យពាក់ព័ន្ធពីករណីអ្វីនោះទេ។

បុរសទាំងពីរនាក់ខាងលើបន្តថា ដោយឃើញយុវជនទាំង៤នាក់ខាងលើ គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួនអ្វីទៀតនោះ ទេើបពួកគាត់ប្រកែកមិនព្រមសហការ គាប់ជួនពេលនោះអតីតជើងខ្លាំងឃើញខាងប្រដេញ “រហ័សនាម P1” បានជិះម៉ូតូមួយគ្រឿងជាមួយប្អូនដើរលេងមើលគេមើលឯង បានឃើញក៏ជួយឃាត់សិន បង្កជាការភ្ញាក់ផ្អើលលឺដល់កម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ រួមទាំងកម្លាំងស៉ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ រួចនាំខ្លួនជនទាំង៤នាក់ខាងលើ រួមទាំងបុរសដែលរងការចោទប្រកាន់ថាជាជនសង្ស័យនោះ យកទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរផងដែរ។

បន្ទាប់ពីសួរនាំនៅប៉ុស្តិ៍នគរបាលរួចរាល់ ទើបដឹងថា ការពិតជារឿងយល់ច្រឡំគ្នា ហើយក៏មានវត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួនផងដែរ។ ចំណែកឯបុរសទាំងពីរនាក់ ក៏មិនមានដាក់ពាក្យបណ្ដឹងអ្វីនោះដែរ គ្រាន់តែបំភ្លឺហេតុការណ៍រួចសុំត្រលប់ទៅផ្ទះវិញប៉ុណ្ណោះ ។ បច្ចុប្បន្នក្រោយកើតហេតុ ដោយមានការយោគយល់ និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំពាក់ព័ន្ធនឹងដែនការងាររបស់សមត្ថកិច្ចផងដែរ និងឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធានាខ្លួនយុវជនទាំង៤នាក់នោះរួចអនុញាតិឲ្យត្រលប់ទៅវិញផងដែរ ៕

Add Comment

%d bloggers like this: