ហួសចិត្ត! អត់មានរឿងអីសោះ បុរសម្នាក់ដើរដាក់ថ្នាំបំពុលឆ្កែពេញភូមិ ដល់ពេលសមត្ថកិច្ចចាប់បានទើបដឹងមូលហេតុថា

មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តមួយបានកើតឡើងខណៈដែលមានយុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបុរសរូបនោះបានដើរបំពុលឆ្កែអ្នកភូមិជាច្រើនក្បាល ដែលករណីដ៏គួរឱ្យហួសចិត្តនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១៥នាទីថ្ងៃទី៧​ ខែ​សីហា​ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមការឱ្យដឹងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានអ្នកភូមិបានចោទប្រកាន់ជនសង្ស័យមានឈ្មោះ មុំ វីរ: ភេទប្រុស អាយុ១៧ឆ្នាំ​ មានទីលំនៅមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ថា គាត់ជាចោរលួច។

ដោយសារតែពាក្យចោទប្រកាន់នេះបានឮដល់ឈ្មោះមុំ វីរ: ក៍ធ្វើឲ្យជនសង្ស័យចាប់ផ្តើមមានកំហឹង ហើយក៏បានធ្វើសកម្មភាពយកថ្នាំអង់ទ្រីនប្រឡាក់លាយជាមួយសាច់ជ្រូកមកបំពុលឆ្កែចំនួន០៤ក្បាលនៅផ្ទះមានដូចជា ផ្ទះរបស់ឈ្មោះ បូ នី , ផ្ទះទី២ ឈ្មោះ ឆែម ឆម, ផ្ទះទី៣ឈ្មោះ ហុក សារិន និងផ្ទះទី៤របស់ឈ្មោះ ភួប ឆាន ដែលមានចំនួនសរុប០៧ក្បាល ប៉ុន្តែងាប់តែ០១ក្បាល ឯ០៦ក្បាលទៀតសង្គ្រោះទាន់។ ប្រភពបានបន្តថា ក្រោយពេលឃើញសត្វឆ្កែពុលដេកពេញមុខផ្ទះរៀងៗខ្លួនពួកគាត់ក៍ទៅប្តឹងសមត្ថកិច្ចតែម្តង។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអាត់បានឲ្យដឹងថា ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញាឈ្មោះ មុំ វីរ:ដែលជាអ្នកធ្វើសកម្មភាពជុំវិញករណីបំពុលសត្វឆ្កែនេះហើយនាំខ្លួនមុខសញ្ញារូបនេះមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ដើម្បីសួរនាំ។ ក្រោយពីសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបំពុលឆ្កែអ្នកភូមិមែន ដោយខឹងនឹងអ្នកភូមិចោទប្រកាន់រូបគេថាជាចោរ។ សមត្ថកិច្ចបានបន្តថា បន្ទាប់ពីបានស្តាប់ចម្លើយសារភាពរបស់ជនល្មើសសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនខ្លួនជនសង្ស័យមកកាន់អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការបន្ត៕

Add Comment

%d bloggers like this: