ផ្អើលទាំងយប់! ឡានដឹកដែកឈប់ស្ងៀម កង់បីឥណ្ឌាដឹកភ្ញៀវស្រី២នាក់ បោះពួយយ៉ាងលឿនទៅបុកពីក្រោយពេញទំហឹងរួញក្បាល

រថយន្តកុងតឺន័រដឹកដែកឈប់អែបស្ដាំផ្លូវ មិនដាក់ស្លាកសញ្ញា ត្រូវបុរសម្នាក់បើកកង់បីឥណ្ឌាបើកដឹកភ្ញៀវ២នាក់ទៀតទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរួញចូលគ្នារងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យតៃកុងរងរបួសបែកក្បាលហូរឈាមពេញអាវ តែមិនប៉ះពាល់ដល់ភ្ញៀវអង្គុយខាងក្រោយឡើយ គ្រាន់តែប្រកែកគ្នាយកត្រូវរៀងខ្លួន ផ្អើលពេញកន្លែងកើតហេតុ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០:៣៥នាទីយប់ ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងស្ថានទូតរុស្សី លើកំណាត់ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1915 ធ្វើដំណើរតាមបណ្ដោយផ្លូវ៧៨ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់អែបស្ដាំដៃ ដើម្បីរងចាំអោយខាងការដ្ឋានស្ទូចដែកពីរថយន្តកុងតៃន័រមួយគ្រឿងទៀតអស់ ទើបអាចបត់ទៅឈប់មុខការដ្ឋានវិញ ស្របពេលនោះក៏មានកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HJ-9212 បើកបរដោយបុរសម្នាក់ និងមានដឹកនារី២នាក់ទៀតដែលជាភ្ញៀវ បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន អកហ្សឺចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្ត FUSO ពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌារួញមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ និងអ្នកបើករកង់បីរងរបួសបែកក្បាលហូរឈាមពេញអាវ តែមិនព្រមឡើងរថយន្តសង្គ្រោះឡើយ ដោយរងចាំប្រាប់រឿងរ៉ាវហេតុការណ៍នេះប្រាប់អោយសមត្ថកិច្ចបានដឹងសិនផងដែរ។ ដោយឡែកនារីដែលជាភ្ញៀវ២នាក់អង្គុយខាងក្រោយមិនរងរបួសនោះទេ បានឡើងកង់បីឥណ្ឌាមួយគ្រឿងទៀតចេញទៅបាត់ ។

សូមបញ្ជាក់ថា នៅចំណុចផ្លូវខាងលើនេះ គេសង្កេតឃើញមានដាក់ស្លាកសញ្ញា “ហាមឈប់” នៅអែមខាងស្ដាំដៃ ខាងមុខរថយន្តប្រហែល៣ម៉ែត្រផងដែរ ។ តែយ៉ាងណាមិញ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅដល់ទីតាំងខាងលើ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែង យករថយន្ត និងកង់បីឥណ្ឌាខាងលើ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ នៅពេលក្រោយទៀត៕

Add Comment

%d bloggers like this: