កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានការបង្ហោះនូវវីដេអូអំពីប្តី-ប្រពន្ធមួយគូ ដែលជាម្ចាស់ចំការទុរេន និងសាវម៉ាវមួយកន្លែង នៅខេត្តកំពត បានតាមចាប់បានស្ត្រីមួយរូបមានកូនតូចៗ ពីរនាក់ ដែលពួកគេបានលួចកាច់ស្លឹកសាវម៉ាវ ដើម្បីយកមកដាក់លក់ជាមួយនឹងផ្លែសាវម៉ាវរបស់ពួកគេ ហើយម្ចាស់ចំការតម្រូវឲ្យស្ត្រីរូបនោះស្បថ និងត្រូវយកស្លឹកសាវម៉ាវ ដែលបានលួចកាច់ទៅដាក់កន្លែងដើមសាវម៉ាវវិញនោះ ដែលហេតុការណ៍នេះបានធ្វើឱ្យមហាជនមានការរិះគន់យ៉ាងខ្លាំងមកលើម្ចាស់ចំការនោះ។
ប៉ុន្តែក្រោយពីផ្ទុះឡើងនូវការរិះគន់នោះ ពេលនេះម្ចាស់ចំការចេញមុខបកស្រាយបញ្ជាក់ថា រូបគាត់ដែលជាម្ចាស់ចំការគឺមិនកំណាញ់អីនោះទេ គ្រាន់តែគាត់មិនចង់ឲ្យអ្នករកស៊ីលក់ផ្លែឈើមួយចំនួន ធ្វើការលក់បន្លំផ្លែឈើនាំពីប្រទេសផ្សេង ហើយបន្លំកុហកគេថា នោះគឺជាផ្លែឈើខ្មែរ ព្រោះការបន្លំបែបនេះ គឺអាចបណ្តាលឲ្យប៉ះពាល់ដល់ផលិតផលផ្លែឈើខ្មែរពិតប្រាកដ ។
យោងតាមវីដេអូដែលបានធ្វើការ Live នៅលើគណនីហ្វេសប៊ុកឈ្មោះ Mears Samnang Kuy បានឱ្យដឹងថា «លោកអរគុណចំពោះបងប្អូនដែលបានរិះគន់ ខ្លះបានជេរ និងខ្លះបានស្តីបន្ទោសរូបគាត់និងភរិយថាជា «មនុស្សកំណាញ់ និងមានចិត្តអាក្រក់» ជុំវិញរឿងនារីម្នាក់ ដឹកកូន២នាក់មកលួចកាច់មែកសាវម៉ាវ ហើយត្រូវរូបលោកចាប់បាន ហើយលោកក៏បានថតវីដេអូបង្ហោះជាការព្រមានឲ្យឈប់ដើរលួចកាច់មែកសាវម៉ាវដើម្បីយកទៅបន្លំភ្នែកអតិថិជនដែលមកជាវសាវម៉ាវ នោះ »។
បុរសខាងលើបាននិយាយថា «មានអ្នកខ្លះគាត់ថា គ្រាន់តែមែកសាវម៉ាវអីក៏កំណាញ់ម្លេះ ? ម៉េចក៏មិនឲ្យគ្នាយកមែកសាវម៉ាវ យកទៅដាក់តាំងលក់ជាមួយសាវម៉ាវទៅ ។ ហើយអ្នកខ្លះទៀតក៏ថា មែកសាវម៉ាវកាច់ហើយ វាលាស់វិញទេ អីក៏កំណាញ់ម្លេះគ្រាន់តែ ២ ឬ ៣ សន្លឹកហ្នឹង ។ ហើយមានច្រើនទៀតក៏រិះគន់ ហើយអ្នកខ្លះក៏ជេរអ៊ីចឹងទៅ … ប៉ុន្តែខ្ញុំមិនប្រកាន់ទេ ដោយសារទី១ អ្វីដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ ជាពិសេសគឺអាជីវករ អ្នករកស៊ីលក់ផ្លែឈើនៅខេត្តកំពត ជាពិសេសនៅទឹកឈូនេះ ចង់ឲ្យគាត់យល់ថា ទី ១ ការលក់ដូររកស៊ី សុំឲ្យមានភាពស្មោះត្រង់ជាមួយបងប្អូនយើងទាំងអស់គ្នា ។ មានន័យថាបើយើងលក់ផ្លែឈើរបស់ខ្មែរយើង យើងប្រាប់គេទៅថាជារបស់ខ្មែរយើង ។ កុំយករបស់យួន របស់ថៃ ហើយយកមែកលួចកាច់មែកសាវម៉ាវខ្ញុំអីហ្នឹងទៅបន្លំគេវាមិនល្អទេ ដោយសារអីបងប្អូនយើងមកពីខេត្តផ្សេងចង់សាករសជាតិផ្លែឈើនៅកំពតយើងថាមានរសជាតិឆ្ងាញ់ មានទុរេន សាវម៉ាវ ដូង ជាដើមថាមានរសជាតិឆ្ងាញ់» ។
ម្ចាស់ចំការខាងលើបានបន្តថាមានបងប្អូនអាជីវករខ្លះព្រោះចង់ចំណេញទៅទិញផ្លែឈើពីថៃ ឬពីវៀតណាមក្នុងតម្លៃថោកៗហើយបន្លំអ្នកទិញថានោះជាផ្លែឈើកំពតពិតៗ ដែលនាំឲ្យប៉ះពាល់អ្នករកស៊ីទៀងត្រង់ និងម្ចាស់ចំការខំដាំ ។ «ខ្ញុំធ្វើជាឃ្លីបវីដេអូនេះ បកស្រាយវិញថា ខ្លួនខ្ញុំមិនមានចិត្តកំណាញ់ អីទេ ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ថា ជាពិសេសគឺអាជីវករហ្នឹង គឺកុំរកស៊ីបោកប្រាស់ទៅលើអ្នកទិញអ៊ីចឹង គឺរកស៊ីឲ្យទៀងត្រង់ ហើយសូមលក់តែផលិតផលខ្មែរយើង ។ កុំយកផលិតផលយួន កុំយក ផលិតផលថៃ យកមកលក់បន្លំបងប្អូនយើង ។ ដូចខែទុរេន ទុរេនបានថ្លៃ បងប្អូនខ្លះដឹកទុរេនយកមកពីណាខ្លះទេ ខ្លះមកពីថៃក៏មាន ខ្លះមកពីវៀតណាមក៏មាន ដឹកមកពេលយប់ ព្រលឹមឡើងដាក់នៅចំការគេ ហើយកុហកគេថាទុរេនខ្មែរ ដើម្បីលក់បានថ្លៃ» ។ ដែលពេលខ្លះទុរេនខ្លះលក់ថ្លៃជាង ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ជាដើម ។
សូមរម្លឹកថា រឿងរ៉ាវដែលបង្កឲ្យមានការរិះគន់បែកផ្សែងប៉ុន្មានថ្ងៃនេះ គឺវីដេអូឃ្លីបមួយដែលបុរសម្ចាស់ចំការនិងប្រពន្ធថតបង្ហោះលើហ្វេសប៊ុក បង្ហាញអំពីស្ត្រីក្រក្រមួយរូប ជិះម៉ូតូចាស់ដឹកកូនតូចៗ២នាក់ និងមានសាម៉ាវចងលើម៉ូតូផងនោះ ថាបានលួចកាច់មែកសាវម៉ាវរបស់គាត់ ហើយបានដកសោរម៉ូតូរបស់ស្ត្រីខាងលើ ហើយបញ្ជារឲ្យនាងយកមែកសាវម៉ាវដែលកាច់នោះទៅដាក់នៅដើមសាវម៉ាវដែលនាងបានកាច់ ដែលកាយវិការនេះបង្កឲ្យបងប្អូនដែលបានមើលវីដេអូខឹងសម្បារថាបុរសម្ចាស់ចំការធ្វើហួសហេតុពេក គ្រាន់តែកាច់មែកនិងស្លឹកសាវម៉ាវមិនបានលួចកាច់យកផ្លែសាវម៉ាវឡើយ ។ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាបញ្ចេញការហួសចិត្តនោះ គឺម្ចាស់ចំការឲ្យស្ត្រីរូបនោះស្បថអាក្រក់ៗផងដែរ ៕