អបអរសាទរ! ម្ចាស់កន្លែងសត្តឃាតឆ្កែធំមួយនៅខេត្តកំពង់ធំ សម្រេចចិត្តបិទអាជីវកម្ម ឈប់ប្រកបរបរនេះតទៅទៀតហើយ

ក្រោយពីមានការជួយពន្យល់ណែនាំ ពីផលប៉ះពាល់ នៃការសម្លាប់សត្វឆ្កែ ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់អ្នកបរិភោគ និងការលេីកទឹកចិត្តឱ្យចេះស្រលាញ់សត្វចិញ្ចឹមពីសំណាក់បុគ្គលិកនៃអង្គការគាំពារសុខុុមាលភាពសត្វពិភពលោក( FOUR PAWS ) ម្ចាស់ទីតាំងសត្តឃាត់សត្វឆ្កែធំមួយនៅខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានភ្ញាក់រលឹក និងបានសន្យាប្តេជ្ញាចិត្តពេញមួយជីវិតឈប់មានការពាក់ព័ន្ធនឹងការជួញដូរសាច់សត្វឆ្កែម្តងទៀត និងសម្រេចចិត្ត រកមុខរបរថ្មី ដេីម្បីរកចំណូលផ្គត់ផ្គង់គ្រួសារវិញ។

នេះជាការបិទដោយជោគជ័យលើកទី២ បន្ទាប់ពីអង្គការ FOUR PAWS បានបិទកន្លែងផ្គត់ផ្គង់សាច់ឆ្កែធំមួយនៅចុងឆ្នាំ២០១៩ បន្ទាប់ពីមានការហាមឃាត់ការហូបសាច់ឆ្កែដំបូងបង្អស់នៅក្នុងខេត្តសៀម រាប។ ក្នុងកំឡុងពេលបិទទីសត្តឃាតនេះ អង្គការ FOUR PAWS បានជួយសង្គ្រោះសត្វឆ្កែទាំង ១៥ក្បាលនៅនឹងកន្លែង និងបានដឹកពួកគេទៅកាន់អង្គការសប្បុរសធម៌ដៃគូក្នុងស្រុករបស់ខ្លួន គឺអង្គការសង្គ្រោះសត្វកម្ពុជា និងបានធ្វេីការព្យាបាលសត្វឆ្កែទាំងនោះភ្លាមៗ។

អង្គការ FOUR PAWS បានបន្តអំពាវនាវឱ្យមានការហាមឃាត់ជាដាច់ខាតក្នុងការជួញដូរសាច់ឆ្កែ និងឆ្មានៅទូទាំងប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយសារមានការគំរាមកំហែងដល់សុខុមាលភាពសត្វ និងសុខភាពសាធារណៈផងដែរ។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានឱ្យដឹងថា វាមានសន្ទុះមិនគួរឱ្យជឿនៅពាសពេញប្រទេសកម្ពុជាក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែ ហើយលោកស្រីមានអារម្មណ៍ធូរស្បើយនៅពេលឃើញកន្លែងនេះត្រូវបានបិទ ដែលវាមិនត្រឹមតែបានផ្លាស់ប្តូរជីវិតរបស់សត្វឆ្កែ ដែលត្រូវបានជួយសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្កែរាប់ម៉ឺន ក្បាលទៀត ដែលនឹងត្រូវរួចផុតពីសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់ផងដែរ។

លោកស្រីបានបន្ថែមថា យើងអាចធ្វើការដោយជោគជ័យជាមួយម្ចាស់ទីតាំងដែលគាត់ នឹងមិនចូលរួមក្នុងជួញដូរនេះទៀតទេ។ ប៉ុន្តែការងារនេះមិនបញ្ចប់ដោយការបិទនោះទេ ដោយប៉ុន្មានសប្តាហ៍ ទៅប៉ុន្មានខែខាងមុខនេះ គឺមានសារៈសំខាន់ក្នុងការផ្តល់ការព្យាបាលជាបន្តដល់សត្វឆ្កែដែលបានជួយសង្គ្រោះបន្ថែមពីលើសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលត្រូវការដើម្បីជួយឱ្យពួកគេងើបផុតពីបទពិសោធន៍ដ៏ឈឺចាប់នេះ។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេតដំបូង អង្គការ FOUR PAWS បានជួបជាមួយម្ចាស់សត្តឃាតសត្វឆ្កែនៅខេត្តកំពង់ធំ ដែលពួកគាត់បានសម្តែងការសោកស្ដាយចំពោះការសម្លាប់សត្វឆ្កែ និងអារម្មណ៍ដែលចង់ចេញពីការជួញដូរនេះ ដោយមានការប្រកាសថ្មីៗអំពីការហាមឃាត់ការហូបសាច់ឆ្កែនៅខេត្តសៀមរាប វាមានកម្លាំងជំរុញបន្ថែមទៀតនៅកម្ពុជាសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការជួញដូរនេះដើម្បីដកខ្លួនចេញ។

ដើម្បីជួយម្ចាស់សត្តឃាតឱ្យផ្លាស់ប្តូរចេញពីការធ្វើជួញដូរនេះ អង្គការ FOUR PAWS បានសម្រួលដល់ជីវភាពរស់នៅតាមរយៈ ការសាងសង់ និងប្រតិបត្តិការហាងលក់គ្រឿងទេសតូចមួយដើម្បីធានាថាម្ចាស់សត្តឃាតអាចមានលទ្ធភាពផ្លាស់ប្តូរចេញពីការជួញដូរសាច់ឆ្កែបាន។

សូមបញ្ជាក់ថា នៅប្រទេសកម្ពុជាអង្គការ FOUR PAWS បានសហការជាមួយអង្គការមនុស្សធម៌ក្នុងស្រុកមួយគឺអង្គការសង្រ្គោះសត្វកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពសត្វនៅក្នុងប្រទេសបន្ថែមលើការចុះអនុស្សណៈយោគយល់ជាមួយមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលជាភ្នាក់ងាររដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់ការធ្វើជួញដូរសាច់ឆ្កែផងដែរ៕

Add Comment

%d bloggers like this: