ភ្ញាក់ផ្អើលទៀតហើយ! សមត្ថកិច្ចចុះធ្វើការបិទសិប្បកម្មផលិតប្រហិតមួយកន្លែងភ្លាមៗ ក្រោយពីបានរកឃើញថា

សិប្បកម្មផលិតប្រហិតមួយកន្លែង «លីហួង» ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំសមត្ថកិច្ចចម្រុះ១ក្រុម ចុះទៅបិទផ្អាកដំណើរការ ជាបណ្ដោះអាសន្ន កាលពីវេលាម៉ោង ៩៖១០នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ និងតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺនៅពេលក្រោយ។ បន្ទាប់ពីកម្លាំងខាងលើរកឃើញថា អត់អនាម័យ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីក្រសួងពាណិជ្ជកម្ម ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមរួមមាន៖ នគរបាលការិយាល័យ នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សហការណ៍ជាមួយកម្លាំងនាយកដ្ឋានបញ្ញតកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា និងអាជ្ញាធរសង្កាត់ចោមចៅទី៣ ព្រមទាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក្រោមការដឹកនាំដោយលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)។ ចំណែកម្ចាស់ទីតាំងសិប្បកម្មនេះឈ្មោះ ព្រៃ សុភ័ក្រ្ត ភេទប្រុស អាយុ៣៧ឆ្នាំ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សិប្បកម្មផលិតប្រហិតមួយនេះ ត្រូវបានពិនិត្យឃើញថា ពុំមានលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្មឡើយ ហើយបានលើកស្លាកយីហោខុសពីលិខិតបញ្ជាក់ ជាពិសេសទៀតនោះ គឺសង្វាក់ផលិតកម្មអត់មានអនាម័យ រីឯវិញ្ញាបនបត្របញ្ជាក់គុណភាពហួសសុពលភាព។ មិនតែប៉ុណ្ណោះចំពោះ ផលិតផលប្រហិតដែលកំពុងផលិតនោះ គឺមានការខុសពីផលិតផលដែលបានស្នើរសុំចុះបញ្ជីផលិតផល (ចបផ) ហើយផលិតផលសរុបចំនួន៨ប្រភេទពុំបានបិទ (ច.ប.ផ) លើសំបកវិចខ្ចប់ឡើយ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រៅពីនេះកម្លាំងបាន ពិនិត្យឃើញវត្ថុធាតុដើមសម្រាប់ផលិតមានដូចជា៖ សាច់ជ្រូក សាច់គោកិនរួច ម្សៅឆាប៊ីចេង ស្ករសប្រហែល ៧តោន ដង្កៀបក្ដាមចំនួន ១៨កេសស្មើរនឹង ១៨០គីឡូក្រាម កោះមាន់ចំនួន ៥កេសស្មើរនឹង ៦០គីឡូក្រាម បង្គារចំនួន ១៧កេសស្មើរនឹង ១៨០គីឡូក្រាម ប្រហិតសាច់ជ្រូកចំនួន១៥ធុង ស្មើរនឹង ៤,៥០០គីឡូក្រាម ប្រហិតសាច់គោចំនួន ១៦ធុងស្មើរនឹង ៤,៨០០គីឡូក្រាម ប្រហិតចម្រុះចំនួន ២០០ថង់ស្មើរនឹង ១,០០០គីឡូក្រាម ស្លាបមាន់ចំនួន ១៩កេសស្មើរនឹង ២៨០គីឡូក្រាម សាច់ក្របីចំនួន ១៤កេសស្មើរនឹង ៦០គីឡូក្រាម ម៉ាស៊ីនវាយសាច់ ម៉ាស៊ីនកិនសាច់ ម៉ាស៊ីនលុញប្រហិត និងម៉ាស៊ីនកម្ដៅប្រហិតជាដើម។

ក្រោយពីការពិនិត្យរួចកម្លាំងសម្រេចបិទផ្អាកដំណើរការផលិតជាបណ្ដោះអាសន្ន និងតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺមុខសមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ហើយកម្លាំងដកហូតយកសំណាកផ្សេងៗទៅដើម្បីធ្វើការពិនិត្យ និងពិសោធន៍នៅការិយាល័យ (គបផក)៕

Add Comment

%d bloggers like this: