គាំទ្រទេ? លោក ស៊ុន ចាន់ថុល ប្តេជ្ញាសាងសង់ផ្លូវឱ្យរឹងមាំ មិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងនោះឡើយ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគោលជំហរ និងគោលការណ៍របស់ក្រសួងក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងនោះឡើយ។

ការបង្ហាញជំហរបែបរឹងមាំចំពោះគុណភាពផ្លូវបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនប្រមាណ១០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់នៃ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗ នៅកម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារួមមាន៖ ផ្លូវក្រវាត់ក្រុងទី១ ទី២ ទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅជាដើម។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា គោលការណ៍នេះត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ និងការបង្កើតក្រុមការងារត្រួតពិនិត្យពិសេស ដើម្បីតាមដានការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីសារប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព កាត់បន្ថយការចំណាយក្រៅផ្លូវការ ក៏ដូចជាដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋដូចជា៖ ឆៀកចល័ត និងបង្កើតមណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរនៅតាមផ្សារទំនើបអ៊ីអនម៉លទាំងពីរសាខា និងផ្សារទំនើបជីបម៉ុង ជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការជាមួយមន្ទីរជុំវិញខេត្ត និងស្ដាប់តាមការណែនាំរបស់ រដ្ឋបាលខេត្តថែមទៀតសំដៅពង្រឹងវិស័យនេះឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដែលបានធ្វើឱ្យវិស័យនេះ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕

Add Comment

%d bloggers like this: