មិនសរសើរមិនបាន! ក្រោយឃើញគេបង្ហោះអួតគ្នាតែរឿងឡានទំនើបៗ ផ្ទះថ្លៃៗ ស្រាប់តែលោកឧកញ៉ាកសិកម្ម បង្ហោះសារប៉ុន្មានម៉ាត់ថាឱ្យចំៗថា

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាមានសេដ្ឋីវ័យក្មេងជាច្រើនដែលជោគជ័យនឹងការរកស៊ីវិនិយោគរបស់ខ្លួន បាននាំគ្នាបង្ហោះប្រជែងគ្នារឿងទិញឡាន ផ្ទះវីឡាធំៗ លុយកាក់ មាសពេជ្រ ទ្រព្យសម្បត្តិ ដើម្បីបង្អួតគ្នាពេញបណ្តាញសង្គម Facebook រហូតធ្វើអោយឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាសេដ្ឋីកសិកម្មនៅកម្ពុជា បានបង្ហោះសារចាក់ដោតមួយឃ្លា ស្របពេលដែលប្រទេសយើងក៏ជួបនឹងវិបត្តិដោយសារជំងឺ កូវីដ-១៩ផងដែរ។ លោកឧកញ៉ា បានរៀបរាប់ថា៖

«នៅក្នុង​គ្រា​ដ៏សែន​មហាវិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លងកូរ៉ូណា​ កូវីដ-១៩​ដ៏មហា​ប្រលៃ​ នៅលើ​ភពផែនដី​យើងនេះ​ក្នុង​នោះក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែ​រ ដូច្នេះហើយ​ខ្ញុំ​សូម​អភ័យទោស​មុននិង​និយាយ​ ​ក្រែងលោមាន​អារម្មណ៍​មិនល្អ​ដល់ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​fbនេះ។ ខ្ញុំ​សុំចិត្ត​សុំថ្លើម​អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​ និយាយរឿងមិនល្អ​ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​fb​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ

ព្រោះអីយើង​ត្រូវ​ដឹងថា​មិនមែនមើលឃើញតែនៅ​ក្នុង​ប្រទេស​យើងទេ​គឺគេ​មើលឃើញ​ទូទាំង​ពិភពលោក​ មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​បើខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដើម្បី​បង្កើត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​ ។»

Add Comment

%d bloggers like this: