សូមជួយចែករំលែកផង! ថ្ងៃនេះកម្ពុជាមានករណីឆ្លង Covid19 វិជ្ជមានថ្មី ១នាក់ទៀត ខណៈមានការព្យាបាលជាសះស្បើយចំនួន៣នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកជំងឺ Covid19 ចំនួន១នាក់បន្ថែមទៀត និងមានការព្យាបាលជាសះស្បើយ ចំនួន៣នាក់បន្ថែមទៀតនៅក្នុងថ្ងៃនេះ ដោយករណីឆ្លងថ្មី១នាក់នោះគឺកើតឡើងទៅលើបុរសជនជាតិអាមេរិកាំងម្នាក់ដែលជាមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានបង្ហោះផ្សាយនៅមុននេះបន្តិចបានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន១ករណី ដែលក្នុងនោះករណីឆ្លងគឺបានកើតឡើងលើ បុរសជនជាតិអាមេរិកម្នាក់ ដែលជាមន្ត្រីការទូតជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយគាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ហើយពេលនេះត្រូវបានដាក់នៅក្នុងបន្ទប់មួយដោយឡែកនៅក្នុងស្ថានទូតអាមេរិកនៅកម្ពុជាដើម្បីព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកប្រចាំស្ថានទូតនេះ។

ចំណែកឯករណីព្យាបាលជាសះស្បើយវិញគឺមានបុរសជនជាតិខ្មែរចំនួន២នាក់ និងបុរសជនជាតិអាមេរិកចំនួន១នាក់ ដែលក្នុងនោះបុរសជនជាតិខ្មែរទាំង២រូបនោះម្នាក់មានអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងម្នាក់ទៀតមានអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ឯម្នាក់ទៀតដែលជាបុរសជនជាតិអាមេរិកនោះគឺជាមន្ត្រីការទូតជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដូចគ្នានឹងបុរសដែលទទួលរងករណីឆ្លងថ្មីដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៤១នាក់ (៤៦នាក់ និងបុរស ១៩៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២០០នាក់ (ស្រី៤៣នាក់ និងបុរស១៥៧នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៩នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់៕

 

Add Comment

%d bloggers like this: