សូមប្រយ័ត្នៗ នៅព្រឹកនេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លង Covid19 ចំនួន៥ករណីថ្មីទៀតហើយ!

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកជំងឺ Covid19 ចំនួន៥នាក់បន្ថែមទៀត ដោយមិនមានការព្យាបាលជាសះស្បើយនោះទេនៅក្នុងថ្ងៃនេះ ដោយករណីឆ្លងថ្មីទាំង៥នាក់នោះគឺនៅតែជាករណីនាំចូលមកពីខាងក្រៅ ដោយពួកគេជាអ្នកដំណើរដែលទើបនឹងធ្វើដំណើរមកពីឥណ្ឌូនេស៊ី និងប៉ាគីស្ថាន។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានបង្ហោះផ្សាយនៅមុននេះបន្តិចបានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន៥ករណី ដែលក្នុងនោះករណីទី១គឺ បុរសជនជាតិឥណ្ឌូនេស៊ី អាយុ១៨ឆ្នាំ មានទីលំនៅនៅខេត្តព្រះសីហនុ បានធ្វតេស្តវិជ្ជមាន ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំណែកឯអ្នកដំណើរទាំង១២០នាក់ដែលបានធ្វើដំណើរជើងហោះហើរជាមួយបុរសខាងលើត្រូវបានដាក់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយមាន ៨១នាក់នៅឯអនុវិទ្យាល័យពោធិ៍ចិនតុង និង៣៩នាក់ទៀតនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ចំណែកឯ៤នាក់ទៀតគឺជាជនជាតិខ្មែរ ដែលពួកគេមានអាសយដ្ឋានស្នាក់នៅនៅក្នុងខេត្តព្រះសីហនុ កំពង់ចាម បាត់ដំបង និងរតនគីរី ហើយបុរសទាំង៤នាក់ខាងលើក៏ត្រូវបានដាក់ព្យាបាលនៅក្នុងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញផងដែរ។ ពួកគាត់ទាំង៤បានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរទៅម៉ាឡេស៊ី។ ចំណែកឯអ្នកដំណើរ១១៦នាក់ផ្សេងទៀតដែលមកជាមួយបុរស៤នាក់ខាងលើត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅបុរី១០០ខ្នងចំនួន ៧៦នាក់ និង៤០នាក់ផ្សេងទៀតនៅឯសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៨៖០០ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៣៩នាក់ (៤៦នាក់ និងបុរស ១៩៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៦៤នាក់ (ស្រី៤២នាក់ និងបុរស១២២នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៣នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់៕

Add Comment

%d bloggers like this: