ប្រយោគចាក់ដោតរបស់អភិបាលខេត្តពោធិ៍សាត់៖ «អ្នកយកដីគេត្រូវឱ្យគេ វិញ អ្នកជំពាក់លុយគេ ត្រូវសងគេ»

«អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេ ត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិត ដែលមនុស្សទូទៅគេត្រូវការ» នេះជាប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ខណៈចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នាចំនួន២៥ករណី ដល់មូលដ្ឋានផ្ទាល់ ។

កិច្ចដំណោះស្រាយនោះ ត្រូវបានធ្វើឡើងនៅលើ សាលាឆាន់វត្តបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា និងដើម្បីកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្ត ទៅលើរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងក្រុមគ្រួសារ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា យន្តការដែលឯកឧត្តមមកដឹកនាំខេត្តបានជាង ៦ឆ្នាំមកនេះ ឯកឧត្តមបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានៈជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយឯកឧត្តមនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា។ ឯកឧត្តមបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេបើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាម នយោបាយឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។ ក្នុងយន្តការដោះស្រាយនេះ បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ មិនលំអៀង និងមិនធ្វើឱ្យពួកគាត់ មានការថ្នាំងថ្នាក់នោះឡើយ ៕

Add Comment

%d bloggers like this: