ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-19 ថ្មីបន្ថែមចំនួន ៩ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៅក្រុងដាណាង ដោយនាំឱ្យករណីក្នុងសហគមន៍របស់ប្រទេសនេះមានដល់ ៤២នាក់ ចាប់តាំងពីមានការផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីថ្មីទាំង ៩នាក់ មាន ៨នាក់ មកពីដាណាង និងម្នាក់ទៀតមកពីរដ្ឋធានីហាណូយ។ រលកនៃការឆ្លងជំងឺ COVID-19 ថ្មីៗនេះបានរាលដាលដល់ទីក្រុង និងខេត្តចំនួន ៦ របស់ប្រទេសវៀតណាមក្នុងរយៈពេល ៦ថ្ងៃ ចុងក្រោយនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា វៀតណាមពេលនេះបានកត់ត្រាករណីសរុបចំនួន ៤៥៩ករណី ដោយគ្មានអ្នកស្លាប់នោះឡើយ។
ឥឡូវនេះពលរដ្ឋនៅវៀតណាមជាង ៨១,០០០ នាក់ កំពុងត្រូវបានគេដាក់ឱ្យនៅដាច់ឡែក ពោលគឺបានកើនឡើងពីចំនួន ១២,០០០នាក់ កាលពីថ្ងៃច័ន្ទ។ ដោយមានប្រជាជនសរុបជាង ៩៥លាននាក់ ប្រទេសវៀតណាមគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតមួយនៅលើពិភពលោក ដែលមិនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ហើយប្រទេសនេះមិនបានកត់ត្រាករណីក្នុងសហគមន៍ជាង៣ខែមកហើយ ទើបតែបានផ្ទុះឡើងវិញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ តួលេខថ្មីៗកំពុងក្លាយជាការគំរាមកំហែងថ្មី ដោយសារតែនៅក្រុងដាណាងផ្ទាល់កំពុងមានអ្នកទេសចរក្នុងស្រុករាប់ម៉ឺននៅកម្សាន្តនៅទីនោះ។ ឥឡូវនេះទើបតែមានពលរដ្ឋចំនួន ២១,០០០ ប៉ុណ្ណោះ ដែលបានចាកចេញពីក្រុងដាណាង ហើយអាជ្ញាធរកំពុងពន្លឿនការជម្លៀសចេញទាំងនោះ៕
ប្រភព Khmernote