កាលពីពេលថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានបង្ហាញមុខកូនស្រីដ៏គួរឱ្យស្រស់ស្អាតរបស់អ្នកស្រី តាមរយៈការប្រកាសផ្តល់ជូនឡានដ៏ទំនើបមួយគ្រឿងដល់កូនស្រី ដោយសារតែកូនស្រីរបស់គាត់បានដាច់ចិត្តសុំ ដែលការប្រគល់នេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងបានស្គាល់ពីរូបរាង និងមុខមាត់ដ៏ស្រស់ស្អាតរបស់កូនស្រីអ្នកស្រី ហើយនៅថ្ងៃនេះអ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះសារដើម្បីធ្វើការចែករំលែក នូវចំណេះដឹង និងវិធីសាស្រ្ដមួយចំនួន ជូនទៅដល់មហាជន ក្នុងការអប់រំណែនាំកូន ចៅ ឱ្យក្លាយទៅជាមនុស្សល្អមួយក្នុងសង្គម។ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឱ្យដឹងថា៖
«ខ្ញុំមិនធ្លាប់និយាយច្រើនទេ រឿងកូនៗ ព្រោះកាលពីមុន គ្រប់គ្នាក៏មិនទាន់បានស្គាល់ដែរ តែឥឡូវបានឃើញហើយ ចង់និយាយបន្តិច រឿងអប់រំកូន។ ខ្ញុំមិនដឹងថា ថ្ងៃក្រោយ ពួកគាត់ប្រែប្រួលយ៉ាងណា គ្រាន់ដឹងថា រាល់ថ្ងៃនេះ គាត់ចេះគោរព ចេះដឹងខុសត្រូវ ចេះស្ដាប់បង្គាប់ មិនធ្វើឱ្យខ្ញុំពិបាកចិត្តទេ ទៅថ្ងៃក្រោយ ជារឿងថ្ងៃក្រោយ ព្រោះយើងសុទ្ធតែមិនបានដឹងច្បាស់ដូចគ្នា។ ខ្ញុំឃើញ អ្នកខ្លះ គាត់កំពុងធ្វើខុស មិនមែនឪពុកម្ដាយទេ ជួនកាលអ្នកក្រៅមកលេង ក៏ប្រាប់ឱ្យក្មេងទៅវ៉ៃគេ ឬជេរគេ ចង្អុលមុខគេ ហើយក៏សើចសប្បាយ ថាក្មេងនោះឆ្លាត។
តែធ្វើបែបនេះ មិនត្រូវទេ ព្រោះក្មេង មិនទាន់ដឹងអ្វីល្អអាក្រក់ ដល់ពេលមានគេបង្រៀនបែបនេះ ក៏ចេះតែធ្លាប់ ក្លាយជាទម្លាប់តែម្ដង។ ធំទៅ ពេលធ្វើបែបនេះ ទៅជាថាក្មេងនោះឈ្លើយវិញ នោះមកមកពីយើងបង្រៀនក្មេង។ នៅតូច គួរបង្រៀនគាត់ឱ្យចេះសំពះ ចេះអរគុណ ចេះញញឹមដាក់គេឯង ចេះចែករំលែកនំចំណី ដល់អ្នកដទៃ ដល់ពេលធំបន្តិច ដឹងក្ដី បង្រៀនគាត់ធ្វើការងារផ្ទះ ចេះជួយការងារទូទៅ បោសផ្ទះ ជូតផ្ទះ រហូតដល់អាយុជាង ១០ឆ្នាំ បង្រៀនគាត់ឱ្យដឹងពីរបៀបធ្វើម្ហូបណាស្រួលៗទៀត។ ទោះមានលុយច្រើន មានអ្នកដាំបាយ មានឈ្នួលផ្ទះផ្ទះក៏ដោយ មិនត្រូវឱ្យកូនរំលងការងារអស់នេះទេ ត្រូវតែបង្រៀនគាត់ឱ្យបានគ្រប់សព្វ កូនយើងនឹងសប្បាយចិត្តនៅថ្ងៃក្រោយ នៅពេលចូលសង្គម។
កុំបង្ហាញកូនពីជីវិតអ្នកមាន ត្រូវចាប់ផ្ដើមដំបូងពីជីវិតសាមញ្ញ ដឹងពីរបៀបរស់ដោយធម្មតា ចេះធ្វើអ្វីៗខ្លួនឯង ឯករាជ្យ ហើយក៏មិនទាន់ឱ្យប្រឡូកការងាររកស៊ីជាមួយយើងដែរ ព្រោះគ្នានៅក្មេង ត្រូវរៀនសូត្រឱ្យបានច្រើនសិន។ ចឹងហើយ ថ្ងៃក្រោយ គាត់ទៅណាក៏ចូលគេចុះដែរ ហើយពេលគាត់មានជំនាញជីវិតច្រើនដឹង គាត់នឹងសប្បាយចិត្ត ពេលដើរជាមួយគេ។ រហូតដល់គាត់ធំដឹងក្ដី ចេះបែងចែកខុសត្រូវ ចេះទទួលយក ចេះអត់ធ្មត់ ចេះរងសម្ពាធបាន ចាំឱ្យគាត់ស្គាល់ពីសង្គម។ ដូចកូនស្រីខ្ញុំចឹង គាត់មិនដែលចង់បានជីវិតជាអ្នកមានទេ គឺចង់រស់សាមញ្ញៗ តែគោរព និងដាក់ខ្លួនណាស់។ ខ្ញុំសាកទិញឡានឱ្យគាត់៥០ម៉ឺនដុល្លារជិះ ឱ្យគាត់សាកបង្កើតផេក ចង់ដឹងថាគាត់ប្រែប្រួលចរិតបែបណា។
បងប្អូនដឹងទេ បានតែប៉ុន្មានថ្ងៃ គាត់មកប្រាប់ខ្ញុំថា ពិបាកណាស់ ល្បីពេក គេវាយប្រហារ គេចេះតែថាបែបនេះ ថាបែបនោះ មិនចេះចប់ ហើយក៏ប្រាប់ថា ចង់ផ្អាកប្រើផេកវិញ កុំឱ្យប៉ះពាល់ដល់ឈ្មោះប៉ាម៉ាក់។ រហូតដល់ពេលនេះ ទំនេរគាត់មើល យូធូប គាត់រៀនតាមអនឡាញ ហើយជួយលក់ មិនដើរលេងទៅណាទេ។ បង្ហាញជីវិតអ្នកក្រ ដើម្បីឱ្យគាត់ចេះគោរពគេ បង្ហាញជីវិតអ្នកមាន ដើម្បីឱ្យគាត់ខំប្រឹងរៀន ខំប្រឹងរកស៊ីទៅថ្ងៃក្រោយ។ កាលមុន ស្រណោះតែគាត់ថា ចង់ទៅរៀននៅបរទេស មិនចង់បានអ្វីពីឪពុកម្ដាយទេ។ ខ្ញុំសួរគាត់ថា ចង់ជិះអី គាត់ថាចង់ជិះព្រូស អត់ក៏បាន។ សួរគាត់ចង់បានផ្ទះអត់ គាត់ថាបានផ្ទះមួយល្វែងក៏បាន ដល់ពេលសើចទៅ គាត់ថាចាំរកលុយទិញខ្លួនឯងក៏បាន សរសេរឡើងហត់ តែរៀបរាប់មិនទាន់អស់ទេ ចាំថ្ងៃក្រោយ នឹកឃើញ ចាំប្រាប់ទៀត»។